វចនានុក្រមបច្ចេកស័ព្ទវិទ្យាសាស្ត្រទិន្នន័យធំ”(២០ ភាគ)ពហុភាសាទី ១ លើពិភបលោកត្រូវបានបោះពុម្ពផ្សាយជាលើកដំបូង នៅទីក្រុងគួយយ៉ាងប្រទេសចិន

នៅថ្ងៃទី ២៨ ខែឧសភា “វចនានុក្រមបច្ចេកស័ព្ទវិទ្យាសាស្ត្រទិន្នន័យធំ”(២០ ភាគ)ដែលជាវចនានុក្រមបច្ចេកស័ព្ទទិន្នន័យធំពហុភាសាទី ១ លើពិភបលោកត្រូវបានបោះពុម្ពផ្សាយក្នុងពិព័រណ៍ឧស្សាហកម្មទិន្នន័យធំអន្តរជាតិប្រទេសចិនឆ្នាំ ២០២១ ទីក្រុងគួយយ៉ាង។ រដ្ឋបាលទីក្រុងគួយយ៉ាង គណៈកម្មាធិការជាតិចិនសម្រាប់ពិនិត្យ និងផ្ទៀងផ្ទាត់ពាក្យនាមវិទ្យាសាស្ត្រនិងបច្ចេកទេស និងក្រុមហ៊ុនភាគហ៊ុនបោះពុម្ភផ្សាយបច្ចេកវិទ្យានិងប្រព័ន្ធផ្សព្វផ្សាយចិនបានរួមគ្នាប្រារព្ធពិធីបោះពុម្ពផ្សាយជាលើកដំបូង ។ នៅក្នុងពិធីនេះក៏បានរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៃកម្មវិធី“វេទិកាចែករំលែកទូទាំងពិភពលោកអំពីសេវាកម្មទិន្នន័យធំពហុភាសា” និងកិច្ចប្រជុំកំពូលសិក្សាស្រាវជ្រាវបរទេសនៃវេទិកាឃ្លាំងគំនិតឌីជីថលចិន។

 “វចនានុក្រមបច្ចេកស័ព្ទវិទ្យាសាស្ត្រទិន្នន័យធំ”ត្រូវបានចងក្រងដោយបន្ទប់ពិសោធន៍សំខាន់អំពីយុទ្ធសាស្ត្រទិន្នន័យធំដែលជាឃ្លាំងគំនិតជាន់ខ្ពស់បែបថ្មីសម្រាប់ការអភិវឌ្ឍទិន្នន័យធំរបស់ប្រទេសចិន។ លោកសាស្ត្រាចារ្យ​ Lian Yuming សមាជិកគណៈកម្មាធិការសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននិងជាប្រធានបន្ទប់ពិសោធន៍សំខាន់អំពីយុទ្ធសាស្ត្រទិន្នន័យធំបានជាប់ជានិពន្ធនាយក ហើយត្រូវបានបោះពុម្ពផ្សាយដោយទីភ្នាក់ងារបោះពុម្ពផ្សាយវិទ្យាសាស្ត្រ។ នេះ ជាវចនានុក្រមពហុភាសាដែលសិក្សាស្រាវជ្រាវអំពីបច្ចេកស័ព្ទវិទ្យាសាស្ត្រទិន្នន័យធំ និងមានលក្ខណៈជំនាញនិងវៃឆ្លាតទី ១ លើពិភពលោក ក៍ជាការអនុវត្តជាក់ស្តែងនវានុវត្តន៍ដែលនឹងជំរុញប្រព័ន្ធបច្ចេកស័ព្ទស្តង់ដារអំពីទិន្នន័យធំអាចផ្សព្វផ្សាយដោយឆ្លងភាសានិងឆ្លងវិស័យក្នុងទ្រង់ទ្រាយធំដែរ ។ នេះជាសមិទ្ធិផលនវានុវត្តន៍ដ៏សំខាន់ៗនៃវិស្វកម្មគម្ពីរទិន្នន័យធំ ក្រោយពី“គម្ពីរទិន្នន័យធំ”និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយអអំពីនវានុវត្តន៍ទ្រឹស្តីនៃតំបន់សាកល្បងទូទៅនៃទិន្នន័យធំថ្នាក់ជាតិ (ក្រុងគួយចូវ) ។

 “វចនានុក្រមបច្ចេកស័ព្ទវិទ្យាសាស្ត្រទិន្នន័យធំ”មានលក្ខណៈពិសេសចំនួន ៤ គឺ​ទី១និពន្ធតាមទម្រង់បែបវិទ្យាសាស្ត្រ ផ្តោតទៅលើការអភិវឌ្ឍផ្នែកទិន្នន័យធំទូទាំងពិភពលោក ពិនិត្យឡើងវិញអំពីប្រព័ន្ធចំណេះដឹងទិន្នន័យធំហើយលើកឡើងនូវក្របខ័ណ្ឌបច្ចេកស័ព្ទដែលគ្របដណ្តប់លើវិស័យចំនួន ៩ រួមមានមូលដ្ឋានទិន្នន័យធំ យុទ្ធសាស្ត្រទិន្នន័យធំ បច្ចេកទេសទិន្នន័យធំ សេដ្ឋកិច្ចទិន្នន័យធំ ហិរញ្ញវត្ថុទិន្នន័យធំ អភិបាលកិច្ចទិន្នន័យធំ ស្តង់ដារទិន្នន័យធំ សុវត្ថិភាពទិន្នន័យធំ និងច្បាប់ទិន្នន័យធំ ហើយបានបង្កើតជាប្រព័ន្ធបច្ចេកស័ព្ទសិក្សាស្រាវជ្រាវពហុភាសា ដែលមានស្តង់ដាររួម និងស្របតាមក្បួនច្បាប់អន្តរជាតិទូទៅ។ ទី២ ផ្ទៀងផ្ទាត់ដោយអ្នកជំនាញការល្បីឈ្មោះ ត្រូវបានពិនិត្យ ផ្ទៀងផ្ទាត់ និងប្រកាសដោយក្រុមអ្នកជំនាញការនៃគណៈកម្មាធិការជាតិចិនសម្រាប់ពិនិត្យ និងផ្ទៀងផ្ទាត់ពាក្យនាមវិទ្យាសាស្ត្រនិងបច្ចេកទេស យោងតាម“គោលការណ៍ និងវិធីសាស្ត្រអំពីការពិនិត្យ និងផ្ទៀងផ្ទាត់ពាក្យនាមវិទ្យាសាស្ត្រនិងបច្ចេកទេសនៃគណៈកម្មាធិការជាតិចិនសម្រាប់ពិនិត្យ និងផ្ទៀងផ្ទាត់ពាក្យនាមវិទ្យាសាស្ត្រនិងបច្ចេកទេស” ។ ទី៣បោះពុម្ពផ្សាយជាពហុភាសា បានបោះពុម្ពផ្សាយជាភាសាចិន និងភាសាអារ៉ាប់ អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េ ព័រទុយហ្កាល់ រុស្ស៊ី អេស្ប៉ាញ៉ុល ខ្មែរ ហេប្រឺ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ុងហ្គោល ពែរ្ស សែប៊ី ថៃ ទួរគនិងអ៊ូរឌូជាដើម សរុបមាន ២០ ភាសា។ ទី៤ ប្រើបច្ចេកទេសប្រព័ន្ធវៃឆ្លាត ដាក់បញ្ចូលនូវខ្លឹមសារ និងមុខងារពិសេសមួយចំនួនដូចជា ក្រាហ្វិកចំណេះដឹង ការផ្សាយសំឡេង និងការភ្ជាប់នឹងវេទិកាផ្សេងៗ ដើម្បីផ្តល់សេវាកម្មអំណានដែលប្រើបច្ចេកទេសវៃឆ្លាត បង្កើតវេទិកា និងមានលក្ខណៈជាប្រព័ន្ធ​ ។

ផ្អែកលើមូលដ្ឋាននេះ បន្ទប់ពិសោធន៍សំខាន់អំពីយុទ្ធសាស្ត្រទិន្នន័យធំបានបង្កើតវេទិកាចែករំលែកទូទាំងពិភពលោកអំពីសេវាកម្មទិន្នន័យធំពហុភាសា អាស្រ័យលើការសិក្សាស្រាវជ្រាវអំពីបច្ចេកស័ព្ទវិទ្យាសាស្ត្រទិន្នន័យធំ ព្រមទាំងផ្តល់ដល់ពិភពលោកទាំងមូលនូវធនធានចំណេះដឹង និងសេវាកម្មចំណេះដឹងឌីជីថលពហុភាសាអំពីទិន្នន័យធំ ដែលមានលក្ខណៈសុខុមាលភាពសាធារណ‌ៈ និងផ្តល់ការអនុគ្រោះទូទៅ តាមរយៈវេទិកាពហុភាសាវៃឆ្លាតដូចជា “វេទិកាពពកគម្ពីរទិន្នន័យធំ” “ប្រព័ន្ធគម្ពីរទិន្នន័យធំផ្លូវសូត្រ” “បច្ចេកស័ព្ទអនឡាញនៃគម្ពីរទិន្នន័យធំ” “សន្ទស្សន៍គួយយ៉ាងនៃគម្ពីរទិន្នន័យធំ” និង“បណ្ណាល័យគម្ពីរទិន្នន័យធំ”  ជំរុញការផ្សព្វផ្សាយអន្តរជាតិនិងការប្រើប្រាស់ជាទូទៅនៃលទ្ធផលវិស្វកម្មគម្ពីរទិន្នន័យធំ ដើម្បីរួមវិភាគទានថ្មីៗសម្រាប់ការអភិវឌ្ឍថ្មីនៃអរិយធម៌ឌីជីថលពិភពលោក។

ការស្រាវជ្រាវនិងចងក្រងនៃ“វចនានុក្រមបច្ចេកស័ព្ទវិទ្យាសាស្ត្រទិន្នន័យធំ”ជាការអនុវត្តជាក់ស្តែងនវានុវត្តន៍មួយអំពីការស្រាវជ្រាវទ្រឹស្តីទិន្នន័យធំដែលមានលក្ខណៈឆ្លងមុខវិជ្ជាឯកទេស មានភាពជំនាញ និងមានលក្ខណៈបើកទូលាយ ជាសមិទ្ធិផលដ៏ធំមួយទៀតរបស់បន្ទប់ពិសោធន៍សំខាន់អំពីយុទ្ធសាស្ត្រទិន្នន័យធំក្នុងការកសាងប្រព័ន្ធស្តង់ដារដែលមានវិស្វកម្មគម្ពីរទិន្នន័យធំជាស្នូល ការកសាងប្រព័ន្ធប្រព័ន្ធទ្រឹស្តីដែលមានត្រីវិនាដសាស្ត្រអរិយធម៌ឌីជីថល”ទិន្នន័យប្លុក” “ច្បាប់សិទ្ធិទិន្នន័យ” និង”ខ្សែសង្វាក់ប្លុកអធិបតេយ្យភាព”ជាសញ្ញនិមិត្ត និងការកសាងប្រព័ន្ធផ្សព្វផ្សាយពិភពលោកដែលមានជ្រលងទិន្នន័យចិនជាស្នូល ទទួលបានកោតសរសើរនិងគាំទ្រពីគណៈកម្មាធិការជាតិចិនសម្រាប់ពិនិត្យ និងផ្ទៀងផ្ទាត់ពាក្យនាមវិទ្យាសាស្ត្រនិងបច្ចេកទេសនិងសហព័ន្ធអង្គការវិទ្យាសាស្ត្រអន្តរជាតិ“ខ្សែក្រវាត់មួយ និងផ្លូវមួយ”

​​    គណៈកម្មាធិការជាតិចិនសម្រាប់ពិនិត្យ និងផ្ទៀងផ្ទាត់ពាក្យនាមវិទ្យាសាស្ត្រនិងបច្ចេកទេសបានយល់ឃើញថា ការបោះពុម្ពផ្សាយនៃ“វចនានុក្រមបច្ចេកស័ព្ទវិទ្យាសាស្ត្រទិន្នន័យធំ”នឹងអាចលើកកម្ពស់អំណាចពាក្យសំដីអន្តរជាតិ និងអំណាចកំណត់ស្តង់ដាររបស់ប្រទេសចិនលើវិស័យទិន្នន័យធំ ហើយមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍវិស័យទិន្នន័យធំដោយមានគុណភាពខ្ពស់របស់ប្រទេសចិន ក៏ដូចជារបស់ពិភពលោកទាំងមូលផងដែរ ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីចំណេះដឹងទិន្នន័យធំ និងបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអំពីទិន្នន័យធំលើពិភពលោក។ សហព័ន្ធអង្គការវិទ្យាសាស្ត្រអន្តរជាតិ“ខ្សែក្រវាត់មួយ និងផ្លូវមួយ”បានយល់ឃើញថា“វចនានុក្រមបច្ចេកស័ព្ទវិទ្យាសាស្ត្រទិន្នន័យធំ”បានផ្តល់ឯកសារជាគំរូមួយ សម្រាប់ជំរុញឱ្យពិភពលោក និងបណ្តាប្រទេសនិងតំបន់នានាតាមបណ្តោយ“ខ្សែក្រវាត់មួយ និងផ្លូវមួយ”មានការស្វែងយល់អំពី“ប្រទេសចិនឌីជីថល” ហើយក៏បានបង្ហាញឱ្យឃើញពីការផ្តោតអារម្មណ៍ទៅលើកជោគវាសនារួមរបស់មនុស្សជាតិ។